ព្រះត្រៃបិដក ភាគ ៣១

 ​[​១៩៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បុរស​ ​រើ​យក​ឆ្នាំង​ក្តៅ​ ​អំពី​កន្លែង​ដុត​ឆ្នាំង​ ​ហើយ​ដាក់លើ​ផែនដី​ដ៏​ស្មើ​ ​ចំហាយ​ណា​ ​ដែល​នៅក្នុង​ទីនោះ​ ​ចំហាយ​នោះ​ ​ក៏​ស្ងប់​រម្ងាប់​នៅក្នុង​ទីនោះ​ឯង​ ​នៅសល់​តែ​អំបែង​ ​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ភិក្ខុ​ទទួល​វេទនា​ ​មាន​កាយ​ជាទីបំផុត​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​វេទនា​ ​មាន​កាយ​ជាទីបំផុត​ ​យ៉ាងនោះ​ឯង​។​ ​កាល​ភិក្ខុ​ទទួល​វេទនា​ ​មានជីវិត​ជាទីបំផុត​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ទទួល​វេទនា​ ​មានជីវិត​ជាទីបំផុត​។​ ​លុះ​ភិក្ខុ​នោះ​ ​បែកធ្លាយ​រាងកាយ​ ​ខាងលើ​អំពី​កិរិយា​អស់ជីវិត​ទៅ​ ​ក៏​ដឹង​ច្បាស់​ថា​ ​វេទនា​ទាំងពួង​ ​ក្នុង​លោក​នេះ​ ​អាត្មាអញ​ ​មិន​ត្រេកអរ​ទេ​ ​នឹងជា​វេទនា​ដ៏​ត្រជាក់​ ​នឹង​នៅសល់​តែ​សរីរៈ​ប៉ុណ្ណោះ​។​
 [​១៩៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ភិក្ខុ​ជា​ខីណាស្រព​ ​គួរ​តាក់តែង​បុញ្ញាភិសង្ខារ​ ​តាក់តែង​អបុញ្ញាភិសង្ខារ​ ​តាក់​តែង​អនេ​ជា​ភិ​សង្ខារ​ដែរ​ឬទេ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​កាលបើ​សង្ខារ​ទាំងឡាយ​ ​មិន​មាន​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​ ​ដោយ​ប្រការ​ទាំងពួង​ ​តើ​វិញ្ញាណ​នៅ​ប្រាកដ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​ប្រាកដ​ទេ​។​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636848611431734452
ទៅកាន់ទំព័រ៖