ព្រះត្រៃបិដក ភាគ ៣១
(គំនរភ្លើងនោះ ក៏មិនអាចឆេះបាន) ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ គំនរភ្លើងធំនោះ មិនមានអាហារ គប្បីរលត់ទៅ ព្រោះការអស់គ្រឿងឆេះមុនផង ព្រោះការមិនបានបន្ថែមវត្ថុដទៃផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ចប់សូត្រទី២។
[២០០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយ (ធម៌ជាគ្រឿងប្រកបព្រម) ហើយ តណ្ហា រមែងចម្រើន ឧបាទានកើតឡើង ព្រោះតណ្ហាជាបច្ច័យ ភពកើតឡើង ព្រោះឧបាទានជាបច្ច័យ ជាតិកើតឡើង ព្រោះភពជាបច្ច័យ ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏កើតឡើងព្រម ព្រោះជាតិជាបច្ច័យ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
ID: 636848612684046080
ទៅកាន់ទំព័រ៖