ព្រះត្រៃបិដក ភាគ ៣១

 ​[​២៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​បាន​ត្រាស់​ដឹង​នៅឡើយ​ ​ក្នុង​កាលមុន​ ​អំពី​ការ​ត្រាស់​ដឹង​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ឱ​ហ្ន៎​ ​សត្វលោក​នេះ​ ​ដល់​នូវ​សេចក្តី​លំបាក​ណាស់​ ​តែង​កើត​ ​ចាស់​ ​ស្លាប់​ ​ច្យុត​ ​និង​ចាប់បដិសន្ធិ​ ​ថែមទាំង​មិនដឹង​ច្បាស់​នូវ​ការ​រលាស់ចោល​សេចក្តី​ទុក្ខ​ ​គឺ​ជរា​ ​និង​មរណៈ​នេះ​ទៀតផង​ ​កាលណា​ទៅ​ហ្ន៎​ ​ទើប​ការ​រលាស់ចោល​សេចក្តី​ទុក្ខ​ ​គឺ​ជរា​ ​និង​មរណៈ​នេះ​ ​នឹង​ប្រាកដ​ឡើង​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​កើតមាន​ ​ទើប​ជរា​ ​និង​មរណៈ​កើតមាន​ ​ជរា​និង​មរណៈ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ក៏បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​ជាតិ​កើតមាន​ ​ជរា​និង​មរណៈ​ក៏​កើតមាន​ ​ជរា​និង​មរណៈ​កើតមាន​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​កើតមាន​ ​ទើប​ជាតិ​កើតមាន​។​បេ​។​ ​ភព​.​.​.​ ​ឧបាទាន​.​.​.​ ​តណ្ហា​.​.​.​ ​វេទនា​.​.​.​ ​ផស្សៈ​.​.​.​ ​ស​ឡាយ​ត​នៈ​.​.​.​ ​នាមរូប​.​.​.​ ​វិញ្ញាណ​.​.​.​ ​ទើប​សង្ខារ​ទាំងឡាយ​កើតមាន​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អ្វី​ជា​បច្ច័យ​។​ ​
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636848557301168361
ទៅកាន់ទំព័រ៖