ព្រះត្រៃបិដក ភាគ ៣១
[២២១] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ។បេ។ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណ រមែងមាន នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២២២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណក៏មិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ។បេ។ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២២៣] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ កាលនោះ បុរសកាន់យកចប និងកញ្ជើដើរមក កាត់ឈើធំនោះ ត្រង់ឫស។បេ។ ជាឈើដល់នូវភាពមិនមានតទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃវិញ្ញាណ រមែងមិនមាន ការរលត់នៃនាមរូប ព្រោះការរលត់នៃវិញ្ញាណ។បេ។ ក៏យ៉ាងនោះឯង ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ចប់សូត្រទី៩។
ID: 636848615573791364
ទៅកាន់ទំព័រ៖