ព្រះត្រៃបិដក ភាគ ៣១

 [​២២៦​]​ ​ម្នាល​អានន្ទ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​រមែង​ចម្រើនឡើង​ ​ឧបាទាន​ចម្រើនឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​ចម្រើនឡើង​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​ ​ជាតិ​ចម្រើនឡើង​ ​ព្រោះ​ភព​ជា​បច្ច័យ​ ​ជរាមរណៈ​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​និង​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​កើតឡើង​ព្រម​ ​ព្រោះ​ជាតិ​ជា​បច្ច័យ​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
 [​២២៧​]​ ​ម្នាល​អានន្ទ​ ​ដូចជា​ដើមឈើ​ធំ​ ​ឫស​ទាំងអស់​ ​របស់​ឈើ​ធំ​នោះ​ ​ដែល​ដុះ​ចាក់​ទៅ​ក្រោម​ ​ដុះ​ចាក់​ទៅ​ខាង​ទទឹង​ ​រមែង​នាំ​ឱជារស​ ​ទៅ​ចុង​ខាងលើ​ ​ម្នាល​អានន្ទ​ ​កាលបើ​ដូច្នោះ​ ​ឈើ​ធំ​នោះ​ ​ឈ្មោះថា​ ​មាន​ឫស​នោះ​ជា​អាហារ​ ​មាន​ឫស​នោះ​ជា​កម្លាំង​ ​មុខ​ជា​ឋិតថេរ​នៅ​អស់​កាលយូរ​ ​យ៉ាងណាមិញ​ ​ម្នាល​អានន្ទ​ ​កាល​ភិក្ខុ​ ​ពិចារណា​ឃើញ​ ​នូវ​សេចក្តី​ត្រេកអរ​ ​ក្នុង​ឧបា​ទា​នី​យ​ធម៌​ទាំងឡាយ​ហើយ​ ​តណ្ហា​ ​រមែង​ចម្រើនឡើង​ ​ឧបាទាន​ចម្រើនឡើង​ ​ព្រោះ​តណ្ហា​ជា​បច្ច័យ​ ​ភព​ចម្រើនឡើង​ ​ព្រោះ​ឧបាទាន​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636848616090920942
ទៅកាន់ទំព័រ៖