ព្រះត្រៃបិដក ភាគ ៣១
ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើអវិជ្ជាកើតមាន សង្ខារទាំងឡាយក៏កើតមាន សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យ។ ព្រោះហេតុដូច្នេះ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណនេះកើតមាន ព្រោះសង្ខារជាបច្ច័យ។បេ។ ការកើតឡើងព្រមនៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតហើយ មានញាណកើតហើយ មានបញ្ញាកើតហើយ មានវិជ្ជាកើតហើយ មានពន្លឺកើតហើយ ក្នុងធម៌ទាំងឡាយ ដែលមិនធ្លាប់បានស្តាប់ ក្នុងកាលមុនថា ការកើតឡើងព្រម ការកើតឡើងព្រម ដូច្នេះ។
[២៧] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជរា និងមរណៈមិនមាន ការរលត់នៃជរា និងមរណៈ ព្រោះការរលត់នៃអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ ក៏បានត្រាស់ដឹងដោយប្រាជ្ញា ព្រោះយោនិសោមនសិការៈថា កាលបើជាតិមិនមាន ជរានិងមរណៈ ក៏មិនមាន ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា កាលអ្វីហ្ន៎មិនមាន ទើបជាតិមិនមាន។បេ។ ភព... ឧបាទាន... តណ្ហា... វេទនា... ផស្សៈ... សឡាយតនៈ... នាមរូប.... វិញ្ញាណ....
ID: 636848557535351755
ទៅកាន់ទំព័រ៖