ព្រះត្រៃបិដក ភាគ ៣១
ម្នាលភិក្ខុទាំងឡាយ សុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យនៃសុខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃសុខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃសុខវេទនានោះឯង ទុក្ខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ជាបច្ច័យ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យ នៃទុក្ខវេទនានោះឯង វេទនាមិនជាទុក្ខ មិនជាសុខ កើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនាណា ដែលកើតអំពីផស្សៈនោះ គឺវេទនាមិនជាទុក្ខមិនជាសុខ ដែលកើតឡើង ព្រោះអាស្រ័យផស្សៈ ដែលជាបច្ច័យ នៃវេទនាមិនជាទុក្ខមិនជាសុខ វេទនានោះ ក៏រលត់ទៅ ស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈ ដែលជាបច្ច័យនៃវេទនាមិនជាទុក្ខមិនជាសុខនោះឯង ក៏យ៉ាងនោះឯង។
ID: 636848618704160411
ទៅកាន់ទំព័រ៖