ព្រះត្រៃបិដក ភាគ ៣១
វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើត ក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការចាប់កំណើត ក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តីចង្អៀតចង្អល់ចិត្តឡើយ។ ចប់សូត្រទី៤។
[២៥០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះ ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីការត្រាស់ដឹង កាលតថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱហ្ន៎ សត្វលោកនេះ ដល់នូវសេចក្តីលំបាកណាស់ តែងកើត ចាស់ ស្លាប់ ច្យុត និងចាប់បដិសន្ធិ ថែមទាំងមិនដឹងច្បាស់ នូវការរលាស់ចោលសេចក្តីទុក្ខ គឺជរាមរណៈនេះទៀតផង កាលណាទៅហ្ន៎ ទើបការរលាស់ចោលនូវសេចក្តីទុក្ខ គឺជរា មរណៈនេះ នឹងប្រាកដឡើងបាន។
ID: 636848623434540973
ទៅកាន់ទំព័រ៖