ព្រះត្រៃបិដក ភាគ ៣១
ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ បុរសនោះ ក៏ក្រាបទូលដល់ព្រះរាជា ឬរាជមហាមាត្យថា សូមទ្រង់មេត្តាប្រោស សូមទ្រង់ជ្រាប ខ្ញុំព្រះអង្គ ត្រាច់ទៅក្នុងព្រៃតូច ព្រៃធំ បានឃើញផ្លូវចាស់ ធ្លាចាស់ ដែលពួកមនុស្សជាន់មុន ធ្លាប់ដើរទៅរឿយៗ ខ្ញុំព្រះអង្គ បានដើរតាមផ្លូវនោះ កាលខ្ញុំព្រះអង្គដើរទៅតាមផ្លូវនោះ បានឃើញក្រុងបុរាណ រាជធានីបុរាណ ដែលមនុស្សទាំងឡាយជាន់ដើម ធ្លាប់នៅអាស្រ័យ ជាកន្លែងបរិបូណ៌ដោយសួរច្បារ បរិបូណ៌ដោយព្រៃ បរិបូណ៌ដោយស្រះ មានកំពែង ជាទីគួរឲ្យត្រេកអរ បពិត្រព្រះអង្គ សូមព្រះអង្គទ្រង់សាងទីក្រុងនោះឡើង។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះរាជា ឬរាជមហាមាត្យនោះ ក៏កសាងក្រុងនោះ លុះសម័យតមក ក្រុងនោះ ក៏ស្តុកស្តម្ភ សម្បូរ មានរបស់ជាប្រយោជន៍ដល់ជនច្រើន កុះករដោយមនុស្ស ជានគរមានសេចក្តីចម្រើនទូលំទូលាយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះក៏ដូច្នោះដែរ តថាគត បានឃើញផ្លូវចាស់ ធ្លាចាស់ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយជាន់ដើម តែងត្រាច់ទៅ។
ID: 636848624476610576
ទៅកាន់ទំព័រ៖