ព្រះត្រៃបិដក ភាគ ៣១
[២៥៦] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលពិចារណាធម៌ ជាគ្រឿងពិចារណាខាងក្នុង រមែងពិចារណាថា ទុក្ខ គឺជរា និងមរណៈនេះ មានប្រការច្រើន មានប្រការផ្សេងៗ តែងកើតឡើងក្នុងលោក ទុក្ខនេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាប្រភពហ្ន៎ កាលបើមានអ្វី ទើបមានជរា និងមរណៈ កាលបើគ្មានអ្វី ទើបគ្មានជរា និងមរណៈ។ កាលភិក្ខុនោះ ពិចារណា ក៏រមែងដឹងយ៉ាងនេះថា ទុក្ខ គឺជរា និងមរណៈនេះ មានប្រការច្រើន មានប្រការផ្សេងៗ តែងកើតឡើងក្នុងលោក ទុក្ខនេះឯង មានឧបធិជាហេតុ
(១) មានឧបធិជាទីកើត មានឧបធិជាកំណើត មានឧបធិជាប្រភព កាលបើមានឧបធិ ទើបមានជរា និងមរណៈ កាលបើឧបធិមិនមាន ជរា និងមរណៈក៏មិនមាន។ ភិក្ខុនោះ រមែងដឹងច្បាស់នូវជរា និងមរណៈផង ដឹងច្បាស់នូវហេតុជាទីកើតនៃជរា និងមរណៈផង ដឹងច្បាស់នូវទីរលត់ជរា និងមរណៈផង ដឹងច្បាស់នូវបដិបទា ជាដំណើរទៅដ៏សមគួរដល់ការរលត់ នៃជរា និងមរណៈនោះផង
(១) សំដៅយកឧបធិ គឺខន្ធ៥។
ID: 636848625373001847
ទៅកាន់ទំព័រ៖