ព្រះត្រៃបិដក ភាគ ៣១
ជាអ្នកប្រតិបត្តិយ៉ាងនោះ ប្រព្រឹត្តធម៌សមគួរតាមធម៌ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា ជាអ្នកប្រតិបត្តិ ដើម្បីការអស់នៃទុក្ខដោយប្រពៃ ដើម្បីការរលត់នៃជរាមរណៈ ដោយប្រការទាំងពួង។
[២៥៧] ប្រការមួយទៀត កាលភិក្ខុនឹងពិចារណាធម៌ ជាគ្រឿងពិចារណាខាងក្នុងតទៅទៀត ក៏រមែងពិចារណាថា ឧបធិនេះសោត មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាប្រភព កាលបើមានអ្វី ទើបមានឧបធិ កាលបើគ្មានអ្វី ទើបគ្មានឧបធិ។ កាលភិក្ខុនោះ ពិចារណា ក៏រមែងដឹងយ៉ាងនេះថា ឧបធិ មានតណ្ហាជាហេតុ មានតណ្ហាជាទីកើត មានតណ្ហាជាកំណើត មានតណ្ហាជាប្រភព កាលបើមានតណ្ហា ទើបមានឧបធិ កាលបើគ្មានតណ្ហា ទើបគ្មានឧបធិ។ ភិក្ខុនោះ ក៏រមែងដឹងច្បាស់ នូវឧបធិផង ដឹងច្បាស់នូវទីកើតនៃឧបធិផង ដឹងច្បាស់នូវទីរលត់នៃឧបធិផង ដឹងច្បាស់នូវបដិបទា ជាដំណើរដ៏សមគួរ ដល់ការរលត់ឧបធិនោះផង ជាអ្នកប្រតិបត្តិយ៉ាងនោះ ប្រព្រឹត្តធម៌សមគួរតាមធម៌ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា ជាអ្នកប្រតិបត្តិ ដើម្បីការអស់នៃទុក្ខដោយប្រពៃ ដើម្បីការរលត់នៃឧបធិ ដោយប្រការទាំងពួង។
ID: 636848625598254730
ទៅកាន់ទំព័រ៖