ព្រះត្រៃបិដក ភាគ ៣១
[២៥៨] ប្រការមួយទៀត កាលភិក្ខុពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុងរមែងពិចារណាថា តណ្ហានេះ កាលដែលកើតឡើង តើកើតឡើងក្នុងទីណា កាលដែលតាំងនៅ តើតាំងនៅក្នុងទីណា។ កាលភិក្ខុនោះ ពិចារណាទៅ ក៏រមែងដឹងយ៉ាងនេះថា អារម្មណ៍ណាក្នុងលោក ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង តែងកើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលតាំងនៅ តែងតាំងនៅក្នុងអារម្មណ៍នុ៎ះ។ តើអារម្មណ៍អ្វីហ្ន៎ ដែលជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។ ចក្ខុជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក។បេ។ សោតៈ ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក... ឃានៈ ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក... ជិវ្ហា ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក... កាយ ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក... ចិត្ត ជាសភាពគួរស្រឡាញ់ ជាសភាពគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលតាំងនៅ ក៏តាំងនៅក្នុងអារម្មណ៍នុ៎ះ។
ID: 636848625791935808
ទៅកាន់ទំព័រ៖