ព្រះត្រៃបិដក ភាគ ៣១
ដើរទៅក្នុងទីណាក៏បាន ឥតមានទើសទាល់ គឺនៅក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ដើរចេញទៅខាងក្រៅជញ្ជាំង (ដោយឥតទ្វារ ឥតផ្លូវ) ក៏បាន នៅខាងក្នុងកំពែង ដើរចេញទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ដើរចេញទៅខាងក្រៅភ្នំវិញ ឥតមានទើសទាល់ ដូចជាគេដើរទៅ ក្នុងអាកាសក៏បាន មុជងើបក្នុងផែនដី ដូចជាគេមុជងើបក្នុងទឹកក៏បាន ដើរលើទឹកឥតមានបែកធ្លាយ ដូចជាគេដើរលើផែនដីក៏បាន អង្គុយពែនភ្នែនលើអាកាស ដូចជាសកុណជាតិទាំងឡាយ ដែលមានស្លាបហើរទៅក្នុងអាកាសក៏បាន យកដៃស្ទាបអង្អែល (មណ្ឌល) ព្រះចន្ទ្រ ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិធំ មានអានុភាពធំយ៉ាងនេះក៏បាន ឬញុំាងអំណាចកាយ ឲ្យផ្សព្វផ្សាយទៅ រហូតដល់ព្រហ្មលោកក៏បាន ដូច្នេះបានឬទេ។ មិនដូច្នោះទេ អាវុសោ។
[២៨៤] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើមានត្រចៀកដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសត្រចៀកជារបស់មនុស្សធម្មតា រមែងឮសំឡេងពីរប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ដែលនៅក្នុងទីឆ្ងាយ ឬនៅក្នុងទីជិតដែរឬទេ។ មិនដូច្នោះ អាវុសោ។
ID: 636848651588861308
ទៅកាន់ទំព័រ៖