ព្រះត្រៃបិដក ភាគ ៣១
ជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺកាមាវចរចិត្តក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងនៅខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងនៅខ្ជាប់ខ្ជួន ចិត្តដែលមិនតាំងនៅខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តមិនតាំងនៅខ្ជាប់ខ្ជួន ចិត្តដែលរួចស្រឡះ ចាកកិលេសហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ដែរឬទេ។ មិនដូច្នោះទេ អាវុសោ។
[២៨៦] បពិត្រលោកមានអាយុទាំងឡាយ ចុះកាលបើលោកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ តើរឭកឃើញនូវបុព្វេនិវាស គឺខន្ធ ដែលធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនប្រការ គឺរឭកឃើញបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រឭកឃើញសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន សំវដ្តវិវដ្តកប្បជាច្រើនក៏បាន ថាអាត្មាអញ បានកើតក្នុងភពឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ
ID: 636848652157933857
ទៅកាន់ទំព័រ៖