ព្រះត្រៃបិដក ភាគ ៣១
ម្យ៉ាងទៀត តថាគត បានដឹងច្បាស់នូវការផ្សេង នៃបុគ្គលដែលគួរនៅបរិវាស និងមិនគួរនៅបរិវាស។ អចេលកស្សបទូលថា បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលទាំងឡាយ ធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នានូវបព្វជ្ជា ប្រាថ្នានូវឧបសម្បទា ក្នុងធម្មវិន័យនេះ តែងនៅបរិវាសអស់៤ខែសិន លុះបុគ្គលនោះ បាននៅបរិវាសកន្លង៤ខែហើយ ពួកភិក្ខុដែលមានចិត្តប្រោសប្រាណ កាលបើប្រាថ្នា ទើបបំបួស ទើបឲ្យឧបសម្បទា ដើម្បីភិក្ខុភាពបាន ឯខ្ញុំព្រះអង្គនឹងហ៊ាននៅបរិវាសអស់៤ឆ្នាំ លុះខ្ញុំព្រះអង្គបាននៅបរិវាសកន្លង៤ឆ្នាំហើយ សូមពួកភិក្ខុដែលមានចិត្តប្រោសប្រាណបំបួស ឲ្យឧបសម្បទា ដើម្បីភិក្ខុភាពឲ្យទាន។
[៥២] អចេលកស្សប ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ លុះកស្សបមានអាយុ បានឧបសម្បទាហើយ មិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងកំដៅនូវកិលេស មានចិត្តស្លុង (ទៅកាន់ព្រះនិព្វាន) កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលជាទីបំផុតនៃព្រហ្មចរិយធម៌នោះ
ID: 636848562883727665
ទៅកាន់ទំព័រ៖