ព្រះត្រៃបិដក ភាគ ៣១
បញ្ញត្តថា ទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។ ចុះព្រះគោតមមានអាយុ ពោលដូចម្តេច ប្រាប់ដូចម្តេច ដល់យើងទាំងឡាយ ក្នុងហេតុទាំង៤នេះ យើងទាំងឡាយ កាលព្យាករដូចម្តេច ទើបឈ្មោះថា ពោលតាមពាក្យដែលព្រះគោតមមានអាយុពោលហើយផង ឈ្មោះថា មិនពោលបង្កាច់ព្រះគោតមមានអាយុ ដោយពាក្យមិនពិតផង ឈ្មោះថា ព្យាករនូវធម៌ ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។ ម្នាលអានន្ទ កាលបើអន្យតិរ្ថិយបរិព្វាជកទាំងនោះ ពោលយ៉ាងនេះហើយ តថាគត ក៏ពោលតបទៅនឹងអន្យតិរ្ថិយបរិព្វាជកទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ សេចក្តីទុក្ខ ដែលតថាគតបានពោលហើយថា កើតឡើងព្រោះអាស្រ័យហេតុ តើអាស្រ័យហេតុដូចម្តេច គឺអាស្រ័យផស្សៈ កាលបើបុគ្គលពោលដូច្នេះ ទើបឈ្មោះថា ពោលតាមពាក្យដែលតថាគត បានពោលហើយផង មិនពោលបង្កាច់តថាគតដោយពាក្យមិនពិតផង ព្យាករនូវធម៌ដ៏សមគួរដល់ធម៌ផង ទាំងលំអានពាក្យបន្តិចបន្តួច ដែលប្រកបដោយធម៌ហើយ ក៏មិនមកកាន់ឋានៈ ដែលបណ្ឌិតគួរតិះដៀលផង។
ID: 636848571900083371
ទៅកាន់ទំព័រ៖