ព្រះត្រៃបិដក ភាគ ៣១
[៧៩] ទ្រង់គង់ជិតក្រុងសាវត្ថី... គ្រានោះ ព្រះភូមិជៈមានអាយុ ចេញអំពីទីស្ងាត់ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តមានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភូមិជៈមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យ។ ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយ ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ម្នាលសារីបុត្តមានអាយុ មានសមណព្រាហ្មណ៍ពួកមួយទៀត ជាកម្មវាទ បញ្ញត្តថា សុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួន មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយមិនអាស្រ័យហេតុ។
ID: 636848572979685120
ទៅកាន់ទំព័រ៖