ព្រះត្រៃបិដក ភាគ ៣១
[៩២] ម្នាលភិក្ខុទាំងឡាយ ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយអាយុ ដំណើរចាស់ទុំឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើនូវមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ជរានេះផង មរណៈនេះផង នេះហៅថា ជរា និងមរណៈ ដូច្នេះឯង។ ការកើតឡើងនៃជរា និងមរណៈ ព្រោះការកើតឡើងនៃជាតិ ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ៨នេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ ជាតិ តើដូចម្តេច។បេ។ ម្នាលភិក្ខុទាំងឡាយ ភព តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ ឧបាទាន តើដូចម្តេច.... ម្នាលភិក្ខុទាំងឡាយ តណ្ហា តើដូចម្តេច.... វេទនា.... ផស្សៈ.... សឡាយតនៈ.... នាមរូប.... វិញ្ញាណ....
ID: 636848576062371440
ទៅកាន់ទំព័រ៖