ព្រះត្រៃបិដក ភាគ ៣១
ម្នាលភិក្ខុទាំងឡាយ ព្រោះថា ធម្មជាតនុ៎ះ បុថុជ្ជនអ្នកមិនចេះដឹង ធ្លាប់ចូលចិត្ត រាប់អាន ប្រកាន់មកហើយ អស់កាលជាអង្វែងថា នុ៎ះ ជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ ហេតុនោះ បានជាបុថុជ្ជនអ្នកមិនចេះដឹង មិនអាចនឿយណាយ មិនអាចធុញទ្រាន់ មិនអាចផុតស្រឡះ ក្នុងធម្មជាតនោះបានឡើយ។
[២៣១] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែងប្រកាន់កាយ ដែលកើតអំពីមហាភូតទាំង៤នេះ ថាប្រសើរ ដោយថាជាខ្លួន តែមិនប្រកាន់នូវចិត្តឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាយដែលកើតអំពីមហាភូតទាំង៤នេះ កាលបើឋិតនៅបានមួយឆ្នាំខ្លះ ឋិតនៅបានពីរឆ្នាំខ្លះ ឋិតនៅបានបីឆ្នាំខ្លះ ឋិតនៅបានបួនឆ្នាំខ្លះ ឋិតនៅបានប្រាំឆ្នាំខ្លះ ឋិតនៅបាន១០ឆ្នាំខ្លះ ឋិតនៅបាន២០ឆ្នាំខ្លះ ឋិតនៅបាន៣០ឆ្នាំខ្លះ ឋិតនៅបាន៤០ឆ្នាំខ្លះ ឋិតនៅបាន៥០ឆ្នាំខ្លះ ឋិតនៅបាន១០០ឆ្នាំខ្លះ ឋិតនៅជាង១០០ឆ្នាំខ្លះ តែងប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ចំណែកឯធម្មជាត ដែលហៅថាចិត្តខ្លះ មនោខ្លះ វិញ្ញាណខ្លះនោះ តែងកើតឡើងផ្សេង រលត់ទៅផ្សេង ទាំងយប់ ទាំងថ្ងៃ។
ID: 636848617239276624
ទៅកាន់ទំព័រ៖