ព្រះត្រៃបិដក ភាគ ៣១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ដូច្នោះ​ ​បុរស​នោះ​ ​ក៏​ក្រាបទូល​ដល់​ព្រះរាជា​ ​ឬ​រាជមហាមាត្យ​ថា​ ​សូមទ្រង់មេត្តាប្រោស​ ​សូមទ្រង់ជ្រាប​ ​ខ្ញុំ​ព្រះអង្គ​ ​ត្រាច់​ទៅ​ក្នុង​ព្រៃតូច​ ​ព្រៃធំ​ ​បានឃើញ​ផ្លូវ​ចាស់​ ​ធ្លា​ចាស់​ ​ដែល​ពួក​មនុស្ស​ជាន់មុន​ ​ធ្លាប់​ដើរ​ទៅ​រឿយ​ៗ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​ដើរតាម​ផ្លូវ​នោះ​ ​កាល​ខ្ញុំ​ព្រះអង្គ​ដើរទៅ​តាមផ្លូវ​នោះ​ ​បានឃើញ​ក្រុង​បុរាណ​ ​រាជធានី​បុរាណ​ ​ដែល​មនុស្ស​ទាំងឡាយ​ជាន់​ដើម​ ​ធ្លាប់​នៅ​អាស្រ័យ​ ​ជា​កន្លែង​បរិបូណ៌​ដោយ​សួរ​ច្បារ​ ​បរិបូណ៌​ដោយ​ព្រៃ​ ​បរិបូណ៌​ដោយ​ស្រះ​ ​មាន​កំពែង​ ​ជាទី​គួរឲ្យ​ត្រេកអរ​ ​បពិត្រ​ព្រះអង្គ​ ​សូម​ព្រះអង្គ​ទ្រង់​សាង​ទីក្រុង​នោះ​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រះរាជា​ ​ឬ​រាជមហាមាត្យ​នោះ​ ​ក៏​កសាង​ក្រុង​នោះ​ ​លុះ​សម័យ​តមក​ ​ក្រុង​នោះ​ ​ក៏​ស្តុកស្តម្ភ​ ​សម្បូរ​ ​មាន​របស់​ជា​ប្រយោជន៍​ដល់​ជន​ច្រើន​ ​កុះករ​ដោយ​មនុស្ស​ ​ជា​នគរ​មាន​សេចក្តី​ចម្រើន​ទូលំទូលាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដំណើរ​នេះ​ក៏​ដូច្នោះ​ដែរ​ ​តថាគត​ ​បានឃើញ​ផ្លូវ​ចាស់​ ​ធ្លា​ចាស់​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយ​ជាន់​ដើម​ ​តែង​ត្រាច់​ទៅ​។​ ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636848624476610576
ទៅកាន់ទំព័រ៖