ព្រះត្រៃបិដក ភាគ ៣១
ក៏បានប្រាប់ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយៈនោះឯង ស្តុកស្តម្ភ សម្បូរ ទូលាយ សម្រាប់ជនច្រើនគ្នាចេះដឹង ជាព្រហ្មចរិយៈក្រាស់ក្រែល ដែលព្រះពុទ្ធទាំងឡាយ ប្រកាសដោយប្រពៃ ដល់ពួកទេវតា និងមនុស្ស ជាកំណត់។ ចប់សូត្រទី៥។
[២៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកម្មាសទម្មនិគម របស់ពួកអ្នកកុរុ ក្នុងដែនកុរុ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពិចារណានូវធម៌ ជាគ្រឿងពិចារណាខាងក្នុង ដែរឬទេ។ កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះ ភិក្ខុមួយរូប បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ តែងពិចារណា នូវធម៌ជាគ្រឿងពិចារណាខាងក្នុងដែរ។
ID: 636848624870773121
ទៅកាន់ទំព័រ៖