ព្រះត្រៃបិដក ភាគ ៣១
បុរស ដែលក្តៅក្រហាយ ព្រោះត្រូវកំដៅថ្ងៃ ត្រូវកំដៅថ្ងៃបៀតបៀនហើយ លំបាក ក្រហល់ក្រហាយ ស្រេកឃ្លាន ដើរមកដល់ បុរសនោះ ក្រឡេកមើលឃើញអណ្តូងទឹកនោះ បុរសនោះ ដឹងថា ទឹកមានពិត តែថានឹងប៉ះពាល់ដោយកាយមិនបាន ដូចម្តេចមិញ ម្នាលអាវុសោ ខ្ញុំឃើញដោយបញ្ញា ដ៏ប្រពៃតាមពិតថា សេចក្តីរលត់ភព ជាព្រះនិព្វាន តែខ្ញុំមិនមែនជាព្រះអរហន្តខីណាស្រព ក៏ដូច្នោះដែរ។
[២៧៥] កាលព្រះនារទៈនិយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ បាននិយាយនឹងព្រះបវិដ្ឋៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោបវិដ្ឋៈ លោកតែងនិយាយយ៉ាងនេះ ចុះលោកនិយាយនឹងព្រះនារទៈមានអាយុ ដូចម្តេច។ ម្នាលអាវុសោអានន្ទ ខ្ញុំតែងនិយាយយ៉ាងនេះ តែខ្ញុំមិនបាននិយាយពាក្យអ្វី នឹងព្រះនារទៈមានអាយុ ក្រៅអំពីការល្អ ក្រៅអំពីការកុសលទេ។ ចប់សូត្រទី៨។
[២៧៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។
ID: 636848649850151860
ទៅកាន់ទំព័រ៖