ព្រះត្រៃបិដក ភាគ ៣១
ម្នាលអាវុសោសុសិមៈ អ្នកចូរមកអាយ ចូរប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង(សំណាក់) ព្រះសមណគោតម ចូរអ្នករៀនធម៌ ហើយបង្ហាញយើងទាំងឡាយផង យើងទាំងឡាយនឹងរៀនធម៌នោះ ហើយសំដែងប្រាប់គ្រហស្ថទាំងឡាយ កាលបើយ៉ាងនេះ ពួកយើងមុខជានឹងមានគេធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ជាអ្នកបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ មិនខាន។ សុសិមបរិព្វាជក ទទួលពាក្យបរិស័ទរបស់ខ្លួនថា អើអាវុសោ ហើយក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះសុសិមបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ទើបនិយាយស្នើរសេចក្តីនុ៎ះ នឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទមានអាយុ ខ្ញុំប្រាថ្នា ដើម្បីប្រព្រឹត្តព្រហ្មចរិយៈ ក្នុងធម៌វិន័យនេះ។
ID: 636848650856319409
ទៅកាន់ទំព័រ៖