ព្រះត្រៃបិដក ភាគ ៣១
[៥៤] លុះតិម្ពរុក្ខ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯង ឬអ្វី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ គឺបុគ្គលដទៃធ្វើឲ្យឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ គឺបុគ្គលធ្វើដោយខ្លួនឯងផង បុគ្គលដទៃធ្វើឲ្យផង ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ សេចក្តីសុខ និងទុក្ខ មិនមែនជាអំពើរបស់ខ្លួនឯង មិនមែនជាអំពើរបស់បុគ្គលដទៃ គឺកើតឡើងដោយឥតហេតុទេ ឬអ្វី។ ព្រះមានព្រះភាគ ត្រាស់ថា កុំពោលយ៉ាងនេះឡើយ តិម្ពរុក្ខ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីសុខ និងទុក្ខ មិនមានទេឬ។ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មិនមែនជាមិនមានទេ ម្នាលតិម្ពរុក្ខ សេចក្តីសុខ និងទុក្ខ មានដោយពិត។
ID: 636848563276260116
ទៅកាន់ទំព័រ៖