ព្រះត្រៃបិដក ភាគ ៣១
[៦] ម្នាលភិក្ខុទាំងឡាយ ចុះជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រា ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ ដំណើរថយនៃអាយុ ដំណើរចាស់ទុំ នៃឥន្ទ្រិយទាំងឡាយ ណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ ម្នាលភិក្ខុទាំងឡាយ ចុះមរណៈ តើដូចម្តេច ចុតិ ការឃ្លាត ការបែកធ្លាយ ការបាត់ទៅ សេចក្តីស្លាប់ ដំណើរងាប់ ការធ្វើមរណកាល ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការដាច់នៃជីវិតិន្ទ្រិយ ណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ នេះ ហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ជរានេះផង មរណៈនេះផង នេះ ហៅថា ជរា និងមរណៈ។
[៧] ម្នាលភិក្ខុទាំងឡាយ ចុះជាតិ តើដូចម្តេច។ កិរិយាកើតជាដំបូង កិរិយាកើតព្រម កិរិយាចុះចាប់ផ្ទៃ កិរិយាកើត កិរិយាវិលត្រឡប់មកកើត កិរិយាកើតប្រាកដនៃខន្ធទាំងឡាយ កិរិយាបាននូវអាយតនៈណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ជាតិ។
ID: 636848553816689060
ទៅកាន់ទំព័រ៖