ព្រះត្រៃបិដក ភាគ ៣២
បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស សំដែងសេចក្តី នៃភាសិតនុ៎ះ ឲ្យទាន ពួកភិក្ខុបានស្តាប់ព្រះមានព្រះភាគហើយ នឹងបានចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ តាំងចិត្តយ៉ាងនេះថា អើហ្ន៎ ពួកជន គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ ជ្រះថ្លាចំពោះធម៌ លុះជ្រះថ្លាពិតហើយ គប្បីធ្វើនូវអាការជ្រះថ្លា ចំពោះអាត្មាអញទៀត ហើយក៏សំដែងធម៌ ដល់ពួកជនដទៃ។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់ភិក្ខុបែបនេះ ឈ្មោះថា មិនបរិសុទ្ធទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណា តាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ជាធម៌ ដែលអ្នកប្រាជ្ញ គប្បីឃើញច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការដូចជាហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ គប្បីដឹងច្បាស់នូវធម៌
ID: 636849155349124747
ទៅកាន់ទំព័រ៖