ព្រះត្រៃបិដក ភាគ ៣២
គប្បីដឹងច្បាស់នូវធម៌ លុះដឹងច្បាស់ហើយ គប្បីប្រតិបត្តិតាមបែបនោះ ហើយក៏សំដែងធម៌ ដល់ពួកជនដទៃ កស្សបភិក្ខុ រមែងសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យនូវភាពនៃធម៌ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តីអនុគ្រោះ ដូចសំដែងមកនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងទូន្មានអ្នកទាំងឡាយ តាមបែបកស្សបភិក្ខុ ឬក៏តាមបែបភិក្ខុណា ដែលប្រហែលនឹងកស្សបភិក្ខុ អ្នកទាំងឡាយ ដែលតថាគត ទូន្មានហើយ គប្បីប្រតិបត្តិតាមបែបនោះចុះ។ ចប់សូត្រ ទី៣។
[១៤២] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច ភិក្ខុបែបណា គួរជាអ្នកចូលទៅកាន់ត្រកូលបាន ភិក្ខុបែបណា មិនគួរជាអ្នកចូលទៅកាន់ត្រកូលបាន។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមានព្រះភាគជាឫស។បេ។
ID: 636849155735056821
ទៅកាន់ទំព័រ៖