ព្រះត្រៃបិដក ភាគ ៣២

 ​[​១៤៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណាមួយ​ ​ចូល​ទៅកាន់​ត្រកូល​ដោយ​គិតថា​ ​ពួក​ជន​ចូរ​ឲ្យតែ​អាត្មាអញ​ ​កុំ​មិន​ឲ្យ​ដល់​អាត្មាអញ​ឡើយ​ ​ចូរ​ឲ្យតែ​វត្ថុ​ច្រើន​ដល់​អាត្មាអញ​ ​កុំ​ឲ្យ​នូវ​វត្ថុ​តិច​ឡើយ​ ​ចូរ​ឲ្យតែ​វត្ថុ​ដ៏​ថ្លៃថ្លា​ ​ដល់​អាត្មាអញ​ ​កុំ​ឲ្យ​នូវ​វត្ថុ​សៅហ្មង​ឡើយ​ ​ចូរ​ឲ្យ​ដល់​អាត្មាអញ​ ​ជា​ប្រញាប់​ ​កុំ​ឲ្យ​យឺតយូរ​ឡើយ​ ​ចូរ​ឲ្យ​ដល់​អាត្មាអញ​ ​ដោយ​ការគោរព​ ​កុំ​ឲ្យ​ដោយ​សេចក្តី​មិន​គោរព​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​នោះ​តាំងចិត្ត​យ៉ាងនេះ​ហើយ​ ​ចូល​ទៅកាន់​ត្រកូល​ ​ឯ​ពួក​ជន​ក៏​មិនបាន​ឲ្យ​ឡើយ​ ​ភិក្ខុ​ក៏​ឃ្នើសចិត្ត​ ​ព្រោះ​ការ​មិន​ឲ្យ​នោះ​ ​ភិក្ខុ​នោះ​ ​ក៏​ទទួល​ទុក្ខទោមនស្ស​ ​ព្រោះ​មានការ​មិន​ឲ្យ​នោះ​ជាហេតុ​។​ ​ពួក​ជន​ឲ្យ​វត្ថុ​តិច​ ​មិន​ឲ្យ​វត្ថុ​ច្រើន​។​បេ​។​ ​ឲ្យ​វត្ថុ​សៅហ្មង​ ​មិន​ឲ្យ​វត្ថុ​ថ្លៃថ្លា​ ​ឲ្យ​យឺតយូរ​ ​មិន​ឲ្យ​ប្រញាប់​ប្រញាល់​ ​ភិក្ខុ​ក៏​ឃ្នើសចិត្ត​ ​ព្រោះ​ការ​ឲ្យ​តិច​ជាដើម​នោះ​ ​ភិក្ខុ​នោះ​ ​ក៏​ទទួល​ទុក្ខទោមនស្ស​ ​ព្រោះ​មានការ​ឲ្យ​តិច​ជាដើម​នោះ​ជាហេតុ​។​ ​ពួក​ជន​ឲ្យ​ដោយ​សេចក្តី​មិន​គោរព​ ​មិន​ឲ្យ​ដោយ​សេចក្តី​គោរព​ ​ភិក្ខុ​ក៏​ឃ្នើសចិត្ត​ ​ដោយ​ការ​មិន​គោរព​នោះ​ ​ភិក្ខុ​នោះ​ ​ក៏​ទទួល​ទុក្ខទោមនស្ស​ ​ព្រោះ​ការ​មិន​ឲ្យ​ដោយ​សេចក្តី​គោរព​នោះ​ជាហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បែបនេះ​ឯង​ ​មិន​គួរ​ដើម្បី​ជា​អ្នក​ចូល​ទៅកាន់​ត្រកូល​ទេ​។​
ថយ | ទំព័រទី ១២៦ | បន្ទាប់
ID: 636849155908406736
ទៅកាន់ទំព័រ៖