ព្រះត្រៃបិដក ភាគ ៣២
មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានអាយុកំណត់ត្រឹមប៉ុណ្ណេះ អាត្មាអញ ច្យុតចាកទីនោះ បានមកកើតក្នុងទីនេះ ដូច្នេះ តថាគត រមែងរឭកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះឯង ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរឭកបាន១ជាតិខ្លះ។បេ។ រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះឯង ដរាបនោះដែរ។
[១៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត កើត ថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពពួកសត្វដែលអន្ទោលទៅតាមកម្មថា អើហ្ន៎ ពួកសត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលពួកព្រះអរិយៈ
ID: 636849162673503678
ទៅកាន់ទំព័រ៖