ព្រះត្រៃបិដក ភាគ ៣២
[១៩៨] ម្នាលអាវុសោ ចុះព្រះមានព្រះភាគ ទ្រង់ព្យាករដូចម្តេចវិញ។ ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាហេតុនាំឲ្យកើតទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាសេចក្តីរំលត់ទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាផ្លូវប្រតិបត្តិជាដំណើរទៅកាន់សេចក្តីរំលត់ទុក្ខ។ ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនេះ។ ម្នាលអាវុសោ ព្រោះថា ពាក្យនេះ ប្រកបដោយប្រយោជន៍ ជាខាងដើមនៃព្រហ្មចរិយៈ ប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់ ដើម្បីស្ងប់រម្ងាប់ ដើម្បីសេចក្តីដឹងច្បាស់ ដើម្បីសេចក្តីត្រាស់ដឹង ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនោះ។ ចប់សូត្រទី១២។
[១៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។
ID: 636849167769695163
ទៅកាន់ទំព័រ៖