ព្រះត្រៃបិដក ភាគ ៣២
លាភសក្ការសំយុត្ត
សុទ្ធកវគ្គ
[២០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[២០៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយគប្បីសិក្សាក្នុងសាសនានេះ យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរដែលកើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១។
ID: 636849169229238644
ទៅកាន់ទំព័រ៖