ព្រះត្រៃបិដក ភាគ ៣២
[២០៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃក្រៃលែងជាងគ្មាន។
[២០៧] ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះនូវសន្ទូច ដែលបិទដោយនុយ ទៅក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីណាមួយសំឡឹងឃើញនុយ ក៏លេបសន្ទូចនោះ ម្នាលភិក្ខុទាំងឡាយ ត្រីនោះឯង លុះបានលេបសន្ទូចរបស់ព្រានសន្ទូច យ៉ាងនេះហើយ ក៏ដល់នូវសេចក្តីទុក្ខ ដល់នូវសេចក្តីវិនាស ត្រូវតាមអំពើដោយបំណងរបស់ព្រានសន្ទូច។
[២០៨] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រានសន្ទូច នុ៎ះ ជាឈ្មោះនៃមារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សន្ទូច នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូច
ID: 636849169596089627
ទៅកាន់ទំព័រ៖