ព្រះត្រៃបិដក ភាគ ៣២
សត្តធាតុវគ្គ
[២០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយនេះ មាន៧ប្រការ។ ធាតុទាំង៧ប្រការ តើដូចម្តេចខ្លះ។ អាភាធាតុ១ សុភាធាតុ១ អាកាសានញ្ចាយតនធាតុ១ វិញ្ញាណញ្ចាយតនធាតុ១ អាកិញ្ចញ្ញាយតនធាតុ១ នេវសញ្ញានាសញ្ញាយតនធាតុ១ សញ្ញាវេទយិតនិរោធធាតុ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ធាតុ៧ប្រការ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធាតុដែលហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី នេវសញ្ញានាសញ្ញាយតនធាតុក្តី សញ្ញាវេទយិតនិរោធធាតុក្តី បពិត្រព្រះអង្គដ៏ចំរើន តើធាតុទាំងនេះ ប្រាកដឡើង ព្រោះអាស្រ័យអ្វី។
ID: 636849117473158366
ទៅកាន់ទំព័រ៖