ព្រះត្រៃបិដក ភាគ ៣២

 ​[​២៤៩​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​ចេ​តោ​វិមុត្តិ​ណា​ ​មិនបាន​កម្រើក​ ​តថាគត​ ​មិន​ពោល​ថា​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​អន្តរាយ​ ​ដល់​ចេ​តោ​វិមុត្តិ​នោះ​ទេ​។​ ​ម្នាល​អានន្ទ​ ​ប៉ុន្តែ​ ​ភិក្ខុ​ដែល​មិន​ប្រមាទ​ ​ជា​អ្នក​ដុត​កម្តៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន​ ​បានសម្រេច​ធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​(​សុខ​ក្នុង​ផល​សមាបត្តិ​)​ ​ណា​ ​តថាគត​ ​ពោល​ថា​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​របស់​ភិក្ខុ​នោះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​អន្តរាយ​ ​ដល់​ធម៌​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ទាំងនោះ​។​ ​ម្នាល​អានន្ទ​ ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ជា​របស់​អាក្រក់​ ​នាំឲ្យ​ក្តៅ​ផ្សា​ ​គ្រោតគ្រាត​ ​ធ្វើ​នូវ​សេចក្តី​អន្តរាយ​ ​ដល់​ការ​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ចាក​យោ​គៈ​ ​រក​គុណជាត​ដទៃ​ក្រៃលែង​ជាង​គ្មាន​ ​ក៏​យ៉ាងនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​លះបង់​នូវ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ដែល​កើតឡើង​ហើយ​ ​ទាំង​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​កុំ​ឲ្យ​គ្រប​សង្កត់ចិត្ត​យើង​បាន​ឡើយ​។​ ​ម្នាល​អានន្ទ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ចប់​សូត្រ​ទី១០​។​

​ចប់​ ​មាតុគ្គាម​វគ្គ​ ​ទី៣​។​

ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636849183060189729
ទៅកាន់ទំព័រ៖