ព្រះត្រៃបិដក ភាគ ៣២
ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវនឹកសង្ឃឹមតែសេចក្តីសាបសូន្យមួយយ៉ាងប៉ុណ្ណោះ ឯសេចក្តីចម្រើន ក្នុងកុសលធម៌ទាំងឡាយ មិនត្រូវនឹកសង្ឃឹមឡើយ អស់កាលមានកំណត់ត្រឹមនោះ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៦។
[២៦៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាតដទៃ ក្រៃលែងជាងគ្មាន។
[២៦៤] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុតែមាតាទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលសម្បជានមុសា។
ID: 636849186438392951
ទៅកាន់ទំព័រ៖