ព្រះត្រៃបិដក ភាគ ៣២
[២៦៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្តបុគ្គលពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះហេតុតែបិតាទេ (បណ្ឌិតគប្បីឲ្យពិស្តារផងចុះ) ព្រោះហេតុតែបងប្អូនប្រុសទេ... ព្រោះហេតុតែបងប្អូនស្រីទេ... ព្រោះហេតុតែកូនប្រុសទេ... ព្រោះហេតុតែកូនស្រីទេ... ព្រោះហេតុតែប្រពន្ធទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវសម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តីសរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១៣។
ចប់ ភេទវគ្គ ទី៤។
ID: 636849186907369775
ទៅកាន់ទំព័រ៖