ព្រះត្រៃបិដក ភាគ ៣២
[២២] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ធាតុដែលហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី ធាតុទាំងនេះ ឈ្មោះថា សញ្ញាសមាបត្តិ ដែលបុគ្គលគប្បីដល់។ ម្នាលភិក្ខុ ធាតុដែលហៅថា នេវសញ្ញានាសញ្ញាយតនធាតុនេះ ឈ្មោះថា សង្ខារាវសេសសមាបត្តិ ដែលបុគ្គលគប្បីដល់។ ម្នាលភិក្ខុ ធាតុដែលហៅថា សញ្ញាវេទយិតនិរោធធាតុនេះ ឈ្មោះថា និរោធសមាបត្តិ ដែលបុគ្គលគប្បីដល់។ ចប់សូត្រទី១។
[២៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមវិតក្កៈ (សេចក្តីត្រិះរិះក្នុងកាម) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ ព្យាបាទវិតក្កៈ (សេចក្តីត្រិះរិះក្នុងការព្យាបាទ) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ វិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងការបៀតបៀន) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែនជាមិនមានហេតុទេ។
ID: 636849117915063641
ទៅកាន់ទំព័រ៖