ព្រះត្រៃបិដក ភាគ ៣២
ម្នាលភិក្ខុទាំងឡាយ សត្វនោះ (ពីដើម) ជាគោឃាតកៈ គឺអ្នកសម្លាប់គោ ក្នុងក្រុងរាជគ្រឹះនេះឯង ដោយវិបាករបស់កម្មនោះ គោឃាតកបុរសនោះ ក៏ទៅឆេះក្នុងនរកអស់ឆ្នាំដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំដ៏ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបបានត្រឡប់មកទទួលផល គឺត្រឡប់បានអត្តភាពបែបនេះឯង។ ចប់សូត្រទី១។
(នេះឯងជាបេយ្យាលៈ នៃសូត្រទាំងអស់)
[៣០៩] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ មំសបេសិ គឺចម្រៀកសាច់ កំពុងអណ្តែតទៅលើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវចម្រៀកសាច់នោះ ចម្រៀកសាច់នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាគោឃាតកៈ គឺអ្នកសម្លាប់គោ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី២។
ID: 636849193474825412
ទៅកាន់ទំព័រ៖