ព្រះត្រៃបិដក ភាគ ៣២
[៣២៨] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញសាមណេរី កំពុងអណ្តែតទៅលើអាកាស សង្ឃាដីរបស់សាមណេរីនោះក្តី មានភ្លើងឆេះសន្ធោសន្ធៅ បាត្រក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ រាងកាយក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ សាមណេរីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលអាវុសោ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ឱអស្ចារ្យណាស់ហ្ន៎ ឱប្លែកណាស់ហ្ន៎ យីអើ សត្វបែបនេះ នឹងមានខ្លះដែរ យក្សបែបនេះ នឹងមានខ្លះដែរ ការត្រឡប់បានអត្តភាពបែបនេះ នឹងមានខ្លះដែរតើ។
[៣២៩] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានញាណកើតពិតហើយ ដ្បិតថាសាវ័ក នឹងដឹង ឬនឹងឃើញនូវសាមណេរីបែបនេះ នឹងធ្វើជាសាក្សី (ដល់តថាគតបាន)។
ID: 636849196591833695
ទៅកាន់ទំព័រ៖