ព្រះត្រៃបិដក ភាគ ៣២
ឱបម្មសំយុត្ត
[៣៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បង្កង់ណានីមួយ នៃផ្ទះមានកំពូល បង្កង់ទាំងអស់នោះ ងាកទៅរកកំពូល ប្រជុំទៅរកកំពូល ប្រឈមទៅរកកំពូល បង្កង់ទាំងអស់នោះ ដល់នូវការប្រឈមទៅ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ទាំងឡាយណានីមួយ អកុសលធម៌ទាំងអស់នោះ មានអវិជ្ជាជាមូល មានអវិជ្ជាជាទីប្រជុំ ប្រឈមទៅរកអវិជ្ជា អកុសលធម៌ទាំងអស់នោះ ដល់នូវការប្រឈមទៅ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១។
ID: 636849197361647726
ទៅកាន់ទំព័រ៖