ព្រះត្រៃបិដក ភាគ ៣២

 [​៣៤០​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពីព្រេងនាយ​មក​ ​មាន​សំភោរ​មួយ​ ​ឈ្មោះ​ ​អាន​កៈ​(​១​)​ ​របស់​ពួក​ក្សត្រ​នាម​ ​ទសា​រហៈ​ ​។​ ​កាលបើ​រាង​សំភោរ​ ​ឈ្មោះ​ ​អាន​កៈ​នោះ​ប្រេះឆា​ហើយ​ ​ពួក​ក្សត្រ​ទសា​រហៈ​ ​ក៏​ពាស​នូវ​រាង​ស្រោប​ដទៃ​ ​ភ្ជាប់​អប​ទុក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សម័យ​ដែល​ត្រូវ​តួ​រាង​ចាស់​របស់​សំភោរ​ ​ឈ្មោះ​ ​អាន​កៈ​ខូច​បាត់​ទៅ​ ​សល់​នៅតែ​រាង​ស្រោប​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​នេះ​មាន​ឧបមេយ្យ​ ​ដូច​ក្នុង​កាល​ជា​អនាគត​ ​ព្រះ​សូត្រ​ទាំងឡាយ​ណា​ ​ដែល​តថាគត​សំដែង​ហើយ​ ​ជា​ព្រះ​សូត្រ​ដ៏​ជ្រៅ​ ​មាន​អត្ថ​ដ៏​ជ្រៅ​ ​ជា​លោ​កុត្ត​រៈ​ ​ប្រកបដោយ​សភាព​ដ៏​សូន្យ​ ​ព្រះ​សូត្រ​ទាំងនោះ​ ​កាលបើ​បុគ្គល​ពោល​ ​ពួក​មហាជន​នឹង​មិន​ស្តាប់​ ​មិន​ដាក់ចុះ​នូវ​សោតៈ​ ​មិន​យកចិត្ត​ទុកដាក់​ដើម្បី​ដឹង​ ​ទាំង​មិន​សំគាល់​ធម៌​ទាំងនោះ​ ​ថា​ ​គួរ​រៀន​ ​ឬ​គួរ​ទន្ទេញ​ឡើយ​។​ ​បើ​ព្រះ​សូត្រ​ទាំងឡាយ​ណា​ ​ដែល​អ្នកប្រាជ្ញ​ជា​កវី​ ​បាន​ធ្វើជា​ពាក្យកាព្យ​ឃ្លោង​ ​មាន​អក្សរ​ដ៏​វិចិត្ត​ ​មាន​ព្យញ្ជនៈ​ដ៏​វិចិត្ត​ជា​ខាងក្រៅ​ ​ជា​សាវក​ភាសិត​ ​ព្រះ​សូត្រ​ទាំងនោះ​ ​កាល​បុគ្គល​ពោល​ ​ទើប​មហាជន​នឹង​ស្តាប់​ ​នឹង​ដាក់ចុះ​នូវ​សោតៈ​ ​នឹង​យកចិត្ត​ទុកដាក់​ដើម្បី​ដឹង​ ​នឹង​សំគាល់​នូវ​ធម៌​ទាំងនោះ​ ​ថា​ ​គួរ​រៀន​ ​គួរ​ទន្ទេញ​។​ ​
​(​១​)​ ​សំភោរ​មង្គល​ ​សម្រាប់​វាយ​ហៅ​មហាជន​ ​មក​ប្រជុំ​ក្នុង​ថ្ងៃ​មាន​មហោស្រព​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636849199279497421
ទៅកាន់ទំព័រ៖