ព្រះត្រៃបិដក ភាគ ៣២
[៣៥៨] កាលព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏បាននិយាយនឹងព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលសារីបុត្តមានអាយុ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតដល់លោក ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរនៃព្រះសាស្តាដែរឬ។ ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតឡើងដល់ខ្ញុំ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃព្រះសាស្តាទេ តែថា ខ្ញុំមានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ព្រះសាស្តា មានស័ក្តិធំ មានឫទ្ធិច្រើន មានអានុភាពច្រើន បាត់បង់ទៅហើយ ប្រសិនបើជាព្រះមានព្រះភាគ ព្រះអង្គគប្បីគង់នៅអស់កាលជាអង្វែងទៅ ការគង់នៅរបស់ព្រះអង្គនោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីគុណ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។
ID: 636849202896184283
ទៅកាន់ទំព័រ៖