ព្រះត្រៃបិដក ភាគ ៣២
[៣៦០] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោលនឹងព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ម្នាលអាវុសោមោគ្គល្លាន ឥន្ទ្រិយទាំងឡាយ របស់លោក ថ្លាម្ល៉េះ សម្បុរមុខ ក៏បរិសុទ្ធ ផូរផង់ ថ្ងៃនេះ មហាមោគ្គល្លានមានអាយុ នៅដោយធម៌ ជាគ្រឿងនៅល្អិតពេកណាស់។ ព្រះមហាមោគ្គល្លាន តបថា ម្នាលអាវុសោ ថ្ងៃនេះ ខ្ញុំនៅដោយធម៌ ជាគ្រឿងនៅគ្រោតគ្រាតពេកណាស់ តែថា ធម្មីកថា របស់ខ្ញុំមាន។ ចុះធម្មីកថា របស់ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយនឹងបុគ្គលណា។ ម្នាលអាវុសោ ធម្មីកថារបស់ខ្ញុំ មានជាមួយនឹងព្រះមានព្រះភាគ។ ម្នាលអាវុសោ ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ឆ្ងាយពេកណាស់ តើព្រះមហាមោគ្គល្លានមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ ដោយឫទ្ធិឬ ៗក៏ព្រះមានព្រះភាគ ស្តេចចូលមករកព្រះមហាមោគ្គល្លានមានអាយុ ដោយឫទ្ធិវិញ។
ID: 636849203453326150
ទៅកាន់ទំព័រ៖