ព្រះត្រៃបិដក ភាគ ៣២
ភិក្ខុក្នុងសាសនានេះ មានព្យាយាមប្រារព្ធ ដោយតាំងចិត្តថា ស្បែកក្តី សរសៃក្តី ឆ្អឹងក្តី ចូរសល់នៅចុះ ឯសាច់ និងឈាមក្នុងសរីរៈ ចង់រីងស្ងួតទៅ ក៏តាមការណ៍ចុះ (បើអាត្មាអញ) មិនទាន់ដល់គុណជាត ដែលគេគប្បីដល់ ដោយកម្លាំងនៃបុរស ដោយព្យាយាមនៃបុរស ដោយការប្រឹងប្រែងនៃបុរសទេ ក៏មិនបញ្ឈប់សេចក្តីព្យាយាមឡើយ ម្នាលមោគ្គល្លាន យ៉ាងនេះឯង ឈ្មោះថា ភិក្ខុមានសេចក្តីព្យាយាមប្រារព្ធហើយ។ ម្នាលអាវុសោ ធម្មីកថា របស់ខ្ញុំ មានជាមួយនឹងព្រះមានព្រះភាគ យ៉ាងនេះឯង។
[៣៦២] ម្នាលអាវុសោ ដុំថ្មតូច លើកយកទៅដាក់ផ្ទឹម ក្នុងទីជិតនៃស្តេចភ្នំហិមពាន្ត យ៉ាងណា ខ្លួនយើង លើកយកទៅផ្ទឹមក្នុងទីជិត នៃព្រះមហាមោគ្គល្លានមានអាយុ ក៏យ៉ាងនោះដែរ ព្រោះថា ព្រះមហាមោគ្គល្លាន មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ប្រាថ្នាឋិតនៅអស់មួយអាយុកប្បក៏បាន។
ID: 636849203966175483
ទៅកាន់ទំព័រ៖