ព្រះត្រៃបិដក ភាគ ៣២
[៣៨៥] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបទៀត មកបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភិក្ខុជាថេរៈ តាមពាក្យតថាគតថា ម្នាលអាវុសោ ព្រះសាស្តា ត្រាស់ហៅអ្នកជាថេរៈ។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរកព្រះថេរៈមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងព្រះថេរៈមានអាយុថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នកជាថេរៈ។ ព្រះថេរៈមានអាយុ ទទួលពាក្យភិក្ខុនោះថា អើ អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
[៣៨៦] លុះព្រះថេរៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលថេរៈ ឮថា អ្នកនៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង ពិតឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលថេរៈ ចុះអ្នកនៅតែម្នាក់ឯងផង ពោលសរសើរ ចំពោះកិរិយានៅតែម្នាក់ឯងផង ដោយប្រការដូចម្តេច។
ID: 636849208145384520
ទៅកាន់ទំព័រ៖