ព្រះត្រៃបិដក ភាគ ៣២
បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ តែម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ត្រឡប់មកវិញតែម្នាក់ឯង អង្គុយក្នុងទីស្ងាត់តែម្នាក់ឯង អធិដ្ឋានចង្ក្រមតែម្នាក់ឯង បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងនេះឯង ខ្ញុំព្រះអង្គ ឈ្មោះថា នៅតែម្នាក់ឯងផង ពោលសរសើរចំពោះកិរិយានៅតែម្នាក់ឯងផង។
[៣៨៧] ម្នាលថេរៈ កិរិយានៅតែម្នាក់ឯងនុ៎ះ មានហើយ តថាគត មិនពោលថា មិនមានទេ ម្នាលថេរៈ ប៉ុន្តែ កិរិយានៅតែម្នាក់ឯង របស់អ្នកនោះ ឈ្មោះថា បរិបូណ៌ដោយពិស្តារក្រៃពេក ដោយប្រការណា អ្នកចូរស្តាប់នូវប្រការនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគត នឹងសម្តែង។ ព្រះករុណា ព្រះអង្គ។បេ។
[៣៨៨] ម្នាលថេរៈ ចុះកិរិយានៅតែម្នាក់ឯង ឈ្មោះថា បរិបូណ៌ដោយពិស្តារក្រៃពេក ដោយប្រការដូចម្តេច ម្នាលថេរៈ ក្នុងសាសនានេះ របស់ណាជាអតីត របស់នោះ គេលះបង់ហើយ របស់ណា ជាអនាគត របស់នោះ ក៏គេលះចោលហើយ ឆន្ទរាគ ក្នុងការបានចំពោះនូវអត្តភាព ជាបច្ចុប្បន្ន គេកំចាត់បង់ចេញល្អហើយ ម្នាលថេរៈ យ៉ាងនេះឯង ឈ្មោះថា កិរិយានៅម្នាក់ឯង បរិបូណ៌ដោយពិស្តារក្រៃពេក។
ID: 636849208406239440
ទៅកាន់ទំព័រ៖