ព្រះត្រៃបិដក ភាគ ៣២
[៤៧] ពួកជនមិនមានសទ្ធា តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសទ្ធា ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ចប់សូត្រទី៨។
[៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្លាចបាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។
ID: 636849123260419378
ទៅកាន់ទំព័រ៖