ព្រះត្រៃបិដក ភាគ ៣២
[៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។
[១០] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ
ID: 636849114541660694
ទៅកាន់ទំព័រ៖