ព្រះត្រៃបិដក ភាគ ៣២
[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើតថាគត ដឹងច្បាស់តាមពិតនូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាថា ជាអ្នកត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ។ ញាណទស្សនៈរបស់តថាគត ក៏កើតឡើងថា វិមុត្តិ គឺអរហត្តផលរបស់អាត្មាអញ មិនបានកក្រើក ជាតិនេះ ជាទីបំផុតហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។ ចប់សូត្រទី២។
ID: 636849128077334890
ទៅកាន់ទំព័រ៖