ព្រះត្រៃបិដក ភាគ ៣២
[៧៧] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយនេះ មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ ពួកសត្វនេះ មិនបានប្រាសចេញ មិនបានបែរចេញ មិនបានងាកចេញ មានចិត្តមិនបានរមៀលចេញ ចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ចាកមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើសត្វទាំងឡាយនេះ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ពួកសត្វនេះ រមែងប្រាសចេញ បែរចេញ មានចិត្តរមៀលចេញចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ចាកមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ។ ចប់សូត្រទី៤។
ID: 636849129067981552
ទៅកាន់ទំព័រ៖